សិទ្ធិកម្មសិទ្ធិ
សិទ្ធិកម្មសិទ្ធិ
សិទ្ធិកម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរីបាន នៅក្នុងទំហំដែលច្បាប់បានកម្រិត ផ្អែកតាមបញ្ញត្តិនៃមាត្រា ១៣៨ នៃក្រមរដ្ឋប្បវេណី។
តាមន័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៖ “ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។”
តាមន័យច្បាប់ភូមិបាល ២០០១ បញ្ញត្តិថា៖ “សិទ្ធិនៃកម្មសិទ្ធិដែលមានចែងក្នុងមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អនុវត្តទៅលើអចលនវត្ថុទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា តាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់នេះ។ គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះ មិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវបានធ្វើទៅតាមទម្រង់ និងនីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ រដ្ឋក៏អាចផ្តល់សិទ្ធិនៃទ្រព្យជាអចលនវត្ថុ ដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ដែលបានកំណត់ដោយច្បាប់នេះដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ។ រាល់ការផ្ទេរ ឬផ្លាស់ប្តូរសិទ្ធិនៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាននៃនីតិរួមនៃការលក់ ការបន្តមរតក ការដូរ ឬប្រទានកម្ម ឬតាមសេចក្តីសម្រេចរបស់តុលាការ។ របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់ ផ្អែកតាមមាត្រា ៧ នៃច្បាប់ភូមិបាល ២០០១។”
កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានធានាដោយរដ្ឋ។ ជាគោលការរដ្ឋបាលសុរិយោដី ក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចធ្វើអត្តសញ្ញាណកម្មទ្រព្យ កសាងប្លង់សុរិយោដី ចេញប័ណ្ណកម្មសិទ្ធិ ចុះបញ្ជី និងផ្តល់ព័ត៌មានដល់ជនទាំងឡាយអំពីស្ថានភាពក្បាលដីទាក់ទងទៅនឹងប្រភេទ ទំហំ កម្មសិទ្ធិករ និងបន្ទុកផ្សេងៗដែលអាចមានលើក្បាលដីនោះ។

