ការឃាត់ខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន
ការឃាត់ខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន
ការឃាត់ខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន
ការឃាត់ខ្លួន៖ អាចត្រូវបានធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីចាំបាច់នៃការស៊ើបអង្កេត ចំពោះបុគ្គលដែលសង្ស័យថាបានចូលរួមក្នុងបទល្មើស។ មន្ត្រីនគរបាលយុត្តិធម៌ ក៏អាចឃាតខ្លួនបុគ្គលដែលអាចផ្តល់ព័ត៌មានស្តីអំពីរឿងហេតុបានដែរ ក្នុងករណី បុគ្គលដែលអាចផ្តល់ព័ត៌មានប្រកែកមិនព្រមផ្តល់ព័ត៌មាន ឬ/និងក្នុងករណីមានការយល់ព្រមជាលាយលក្ខណ៍អក្សរឲ្យធ្វើការឃាត់ខ្លួនពីព្រះរាជអាជ្ញា។
មន្ត្រីនគរបាលយុត្តិធម៌ ត្រូវរាការណ៍ភ្លាមជូនដល់ព្រះរាជអាជ្ញា ព្រមទាំងត្រូវបញ្ជូនគ្រប់ភស្តុតាងទាំងអស់ដែលតម្រូវឲ្យមានការឃាត់ខ្លួននេះ។ ការឃាត់ខ្លួនមានថិរវេលា ៤៨ម៉ោង។ ថិរវេលា ត្រូវចាប់គិតពីម៉ោងដែលសាមីខ្លួនមកដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ។
ចំពោះបទឧក្រិដ្ឋ កាលណាមានតម្រុយដែលបង្ហាញឲ្យឃើញថា មានពិរុទ្ធភាពដែលឃាត់ខ្លួន មន្ត្រីនគរបាលយុត្តិធម៌ អាចពន្យារពេលឃាត់ខ្លួនបាន ប្រសិនបើវិធានការនេះចាំបាច់ ដើម្បីឲ្យការស៊ើបអង្កេតប្រព្រឹត្តទៅបានល្អ។ ការពន្យារពេលនេះ ត្រូវសុំទៅព្រះរាជអាជ្ញាដែលត្រូវផ្ទៀងផ្ទាត់លើមូលកភាព។ ការអនុញ្ញាតឲ្យពន្យារពេលឃាត់ខ្លួនដែលធ្វើជាលាយលក្ខអក្សរ និងមានសំអាងហេតុ ត្រូវដាក់បញ្ចូលនៅក្នុងសំណុំរឿង។ ការពន្យារ គឺជាវិធានការពិសេស។ ការពន្យារនេះ មិនអាចឲ្យលើសពី ២៤ (ម្ភៃបួន) ម៉ោងឡើយ ដោយមិនគិតថិរវេលាចាំបាច់ក្នុងការដឹកញ្ជួន។
ការពន្យារ មិនអាចត្រូវយល់ព្រមបានទេ ប្រសិនបើបុគ្គលដែលឃាត់ខ្លួននោះជាអនីតិជន។
- ចំពោះបទឧក្រិដ្ឋ អនីតិជនដែលមានអាយុពី ១៤ឆ្នាំ ដល់ក្រោម ១៦ឆ្នាំ មិនអាចត្រូវគេឃាត់ខ្លួនហួសរយៈពេល ៣៦ ម៉ោងឡើយ។
- ចំពោះបទមជ្ឈិម អនីតិជនដែលមានអាយុពី ១៤ឆ្នាំ ដល់ក្រោម ១៦ឆ្នាំ មិនអាចត្រូវគេឃាត់ខ្លួនហួសរយៈពេល ២៤ម៉ោងឡើយ។
- ចំពោះបទឧក្រិដ្ឋ អនីតិជនដែលមានអាយុពី ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មិនអាចត្រូវគេឃាត់ខ្លួនហួសរយៈពេល ៤៨ ម៉ោងឡើយ។
- ចំពោះបទមជ្ឈិម អនីតិជនដែលមានអាយុពី ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មិនអាចត្រូវគេឃាត់ខ្លួនហួសរយៈពេល ៣៦ម៉ោងឡើយ។
អនីតិជនដែលមានអាយុក្រោម ១៤ឆ្នាំ ពុំអាចឃាត់ខ្លួនបានឡើយ ផ្អែកតាមមាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌ។
ជំនួយរបស់មេធាវីនៅក្នុងពេលឃាត់ខ្លួន៖ ក្នុងរយៈពេល ២៤ ម៉ោងបានកន្លងផុតទៅ តាំងពីពេលផ្តើមនៃការឃាត់ខ្លួនមកនោះ បុគ្គលដែលឃាត់ខ្លួន អាចសុំសន្ទនាជាមួយមេធាវី ឬជាមួយជនណាម្នាក់ដែលខ្លួនជ្រើសរើស កុំឲ្យតែជននេះមានការទាក់ទិននៅក្នុងរឿងជាមួយ។ ជននេះ ត្រូវបានទទួលដំណឹងពីការស្នើសុំជ្រើសរើសនេះ តាមគ្រប់មធ្យោបាយ និងជាបន្ទាន់។ ជននេះ អាចចូលទៅកាន់កន្លែងឃាត់ខ្លួន និងទាក់ទងជាមួយបុគ្គលសាមីខ្លួនបាន ៣០ (សាមសិប) នាទី ក្នុងលក្ខខណ្ឌធានាការសម្ងាត់នៃការសន្ទនានេះ។ ក្រោយការសន្ទនានេះ អាចធ្វើកំណត់សម្គាល់ជាលាយលក្ខណ៍អក្សរដែលត្រូវភ្ជាប់ជាមួយសំណុំរឿង ផ្អែកតាមមាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាចក្រកម្ពុជា។

