ពន្ធប៉ាតង់
ពន្ធប៉ាតង់
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងស្តីពីកាតព្វកិ្ចបង់ពន្ធប៉ាតង់ ជូនអ្នកជាប់ពន្ធ។ ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ ប្រាក់ប៉ាតង់ ត្រូវកំណត់ដូចតទៅ៖ ១- អ្នកជាប់ពន្ធតូត ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល (=១០០$) ២-អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល (=៣០០$) ហើយសម្រាប់អ្នកជាប់ពន្ធធំ ត្រូវបង់ ៣ ០០០ ០០០រៀល (=៧៥០$) ប៉ុន្តែក្នុងករណីដែលមានផលរបរលើសពី ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល (=១២៥០$) ផ្អែកតាមប្រកាសលេខ ១៩៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- នីតិវិធីនៃការបោះពុម្ពប័ណ្ណប៉ាតង់ប្រចាំឆ្នាំមាន ០២ ជម្រើស៖
- ករណីបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំដោយផ្ទាល់ នៅធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បុគ្គលិកធនាគារនឹងបោះពុម្ពប័ណ្ណប៉ាតង់ប្រចាំឆ្នាំលើសន្លឹកក្រដាសពណ៌សទំហំ A4 ដោយធនាគារនឹងគិតកម្រៃសេវា “៤ ០០០ រៀល” ឬបោះពុម្ពនៅរដ្ឋបាលសារពើពន្ធដោយឥតគិតកម្រៃសេវា។
- ករណីបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំតាមអនឡាញ លោក លោកស្រី អាចបោះពុម្ពប័ណ្ណប៉ាតង់ប្រចាំឆ្នាំ ចេញពីប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System) បានដោយខ្លួនឯង ដោយពុំចាំបាច់ទៅធនាគារ ឬរដ្ឋបាលសារពើពន្ធដើម្បីបោះពុម្ពទៀតឡើយ។
- នីតិវិធីក្រោយបង់ប្រាក់ពន្ធ លើការកំណត់ពន្ធឡើងវិញ ឬបំណុល (បង់ផ្តាច់ ឬដំណាក់កាល)
បន្ទាប់ពីលោក លោកស្រី បានបង់ប្រាក់ពន្ធ លើការកំណត់ពន្ធឡើងវិញ ឬបំណុលពន្ធ (បង់ផ្តាច់ ឬដំណាក់កាល) ជោគជ័យ តាមរយៈប្រព័ន្ធអនឡាញក្តី ឬបង់ដោយផ្ទាល់នៅធនាគារក្តី អគ្គនាយកដ្ឋានពន្ធដារមិនតម្រូវឲ្យយកបង្កាន់ដៃបញ្ជាក់ការបង់ពន្ធប្រាក់ពន្ធទៅអង្គភាពគ្រប់គ្រងសហគ្រាស បោះត្រា “បានចំណូល” ដើម្បីបញ្ជាក់ស្ថានភាពទូទាត់ប្រាក់ពន្ធទៀតនោះទេ។
យោង៖
- ការចុះបញ្ជីពន្ធដារ ត្រូវអនុវត្តតាមប្រកាសលេខ ១១៣៩ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- សេចក្តីជូនដំណឹងលេខ ៨៦៣០ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលនីតិវិធីនៃការបោះពុម្ពប័ណ្ណពន្ធប៉ាតង់ប្រចាំឆ្នាំ និងនីតិវិធីក្រោយបង់ប្រាក់ពន្ធ លើការកំណត់ពន្ធឡើងវិញ ឬបំណុល របស់អគ្គនាយកដ្ឋានពន្ធដារ។
- អនុក្រឹត្យលេខ ៤៧ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីពន្ធប៉ាតង់ របស់រាជរដ្ឋាភិបាល។
- ច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

